ខេត្ដកណ្ដាល ៖ បុរសម្នាក់ដែលត្រូវបានគេចោទប្រកាន់ថា ជាអ្នកបង្ករបួសស្នាមធ្ងន់ធ្ងរទៅលើស្ដ្រីជាប្រពន្ធសន្លប់អស់ ជាច្រើនថ្ងៃហើយចូលសំរាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ នោះ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនហើយ បន្ទាប់ពីក្រុមគ្រួសារបានដាក់ពាក្យប្ដឹងចូលទៅអធិការ ដ្ឋាននគរបាលស្រុកស្អាងឱ្យជួយអន្ដរាគមន៍រួចមក ។ បុរសម្នាក់នេះឈ្មោះ នី ម៉ាក់ ត្រូវបានប៉ូលិសស្រុកស្អាងចុះទៅធ្វើការចាប់ខ្លួន កាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៥ ខែកុម្ភៈ តាមបញ្ជារបស់លោកអ៊ាវ ចំរើនស្នងការនគរបាលខេត្ដកណ្ដាល ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះនី ម៉ាក់ បានសារភាពថា ខ្លួនមិនបានគំរាមកំហែងអតីតប្រពន្ធនោះទេ គឺអង្វរករសុំប្រពន្ធជានា និងសុំឱ្យមករស់នៅជាមួយខ្លួនវិញ ។ ពេលកំពុងជិះម៉ូតូកូនរបស់ខ្លួនងងុយដេក ខ្លួនក៏បានអង្វរឱ្យជួយអោបកូនពីក្រោយ លុះជិះម៉ូតូមកដល់ម្ដុំរោងចក្រយ៉ុងវ៉ា ក្រុងតាខ្មៅ ស្រាប់តែប្រពន្ធរបស់ខ្លួនបានលោតចុះពីលើម៉ូតូតែម្ដង ធ្វើឱ្យម៉ូតូរេចង្កូតវិះៗចូលឡាន ហើយកូននៅជិះពីក្រោយរកធ្លាក់ទៀត ទើប ខ្លួនខឹងមិនឈប់មើលតែម្ដងទៅ ក៏ជិះម៉ូតូឌុបកូនទៅផ្ទះធ្វើហីមិនខ្ចីរវល់ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋានចាត់ការបន្ដ ។
គួររំលឹកឡើងវិញថា ស្ដ្រីរងគ្រោះមុនដំបូងត្រូវបានគេប្រទះឃើញដេកសន្លប់ស្ដូក ព្រមទាំងមានស្នាមរបួសពេញខ្លួន ហើយត្រូវបានគេដឹកយកមកជួយសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ អស់រយៈពេល៥ ថ្ងៃមកហើយ គិតត្រឹមថ្ងៃទី៥ កុម្ភៈ តែនៅមិនទាន់ដឹងខ្លួនទៀត ហើយគ្មានសាច់ញាតិណាមកមើលថែនិងមិនត្រូវបានគេស្គាល់អត្ដសញាណឡើយ ។ លុះនៅរសៀលថ្ងៃទី៤ កុម្ភៈ ទើបមានសាច់ញាតិរបស់នាងចូលមក មើលថែបន្ទាប់ពីដាក់ពាក្យបណ្ដឹងទៅប៉ូលិសស្រុកស្អាងឱ្យជួយធ្វើ អន្ដរាគមន៍ ។
ទាក់ទិនហេតុការណ៍ដែលនាំឱ្យស្ដ្រីវ័យក្មេងរូប នេះមានរបួសធ្ងន់ធ្ងរនោះត្រូវបានសាច់ញាតិចោទប្រកាន់ថា ជាទង្វើរបស់ប្ដីដែលបានប្រព្រឹត្ដមកលើកាលពីវេលាម៉ោង៨និង៣០ នាទីយប់ថ្ងៃទី៣១ មករា នៅចំណុច មុខរោងចក្រយ៉ុងវ៉ា ក្រុងតាខ្មៅ ។ ស្ដ្រីរងគ្រោះឈ្មោះឈុន សុខខឿន អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ។ ចំណែកបុរសជាប្ដីដែលគេសង្ស័យធ្វើបាបប្រពន្ធនោះឈ្មោះនី ម៉ាក់ អាយុ២៤ឆ្នាំ ស្រុកកំណើតនៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ។ អ្នកទាំងពីររៀបការនឹងគ្នាមានកូនប្រុសម្នាក់ អាយុ៣ឆ្នាំ តែចំណងស្នេហ៍មកដល់អំឡុងពាក់កណ្ដាលឆ្នាំ២០០៨ ក៏កើតមានភាពរកាំរកូស ហើយប្ដីប្រពន្ធមួយគូនេះក៏ដើរផ្លូវផ្សេងគ្នា គឺប្ដីធ្វើការនៅរោងចក្រ ចំណែកប្រពន្ធស៊ី ឈ្មួលលក់នំឱ្យគេនៅផ្សារសូរិយាក្នុងរាជធានីភ្នំពេញ ។
បើតាមការរៀបរាប់របស់ម្ដាយស្ដ្រីរងគ្រោះបានឱ្យ ដឹងថា រហូតមកដល់ព្រឹកថ្ងៃទី៥ ខែកុម្ភៈ កូនស្រីរបស់គាត់មិនទាន់ដឹងខ្លួននៅឡើយទេ គឺសន្លប់រយៈពេល៥ថ្ងៃមកហើយ ព្រោះរបួសធ្ងន់ធ្ងរពេក គឺនៅលើផ្ទៃមុខមើលស្ទើរតែមិនស្គាល់ ស្នាមរលាត់ដៃ-ជើងនិង ដងខ្លួនជាច្រើនទៀត ។ តាមស្ដ្រីជាម្ដាយបានចោទប្រកាន់ទៅលើកូនប្រសាប្រុសថាជា អ្នកប្រព្រឹត្ដមកលើកូនស្រីគាត់ ដោយលើកហេតុផលថា ចាប់តាំងពីអ្នកទាំងពីររៀបការនឹងគ្នាបានកូនមួយមកកូនប្រសាប្រុស តែងតែរករឿងកូនស្រីគាត់ និងធ្លាប់ជះទឹកក្ដៅដាក់លើមុខកូនស្រីគាត់ទៀតផង ទើបឈានដល់ការបែកបាក់គ្នា។
ស្ដ្រីជាម្ដាយបន្ដទៀតថា រយៈពេលថ្មីៗនេះ កូនប្រសាប្រុសរបស់គាត់បានព្យាយាមលួងលោមហៅកូនស្រីគាត់មករស់នៅ មូលគ្នាវិញ តែកូនស្រីគាត់មិនព្រម ព្រោះឆ្អែតចិត្ដនឹងទង្វើកន្លងមកដែលប្ដីនេះបានប្រព្រឹត្ដមកលើ ខ្លួន ។ គាត់បន្ដថា លុះរសៀលថ្ងៃទី៣១ មករា កូនប្រសាប្រុសបានឌុបកូនតូចអាយុ៣ឆ្នាំ តាមម៉ូតូទៅដល់ផ្សារសូរិយាកន្លែងលក់ នំ ហើយបានទៅអង្វរកូនស្រីគាត់ឱ្យត្រឡប់ទៅរស់នៅជាមួយគ្នាវិញ តែកូនស្រីនៅតែ មិនព្រម ។ លុះល្ងាចថ្ងៃដដែល កូនប្រសាប្រុសនេះបាននិយាយគំរាមថា បើមិនព្រមទៅជាមួយគេទេ គេនឹងសំលាប់កូនចោលនៅចំពោះមុខ ។ រងនឹងការគំរាមពេលនោះ កូនស្រីគាត់ក៏ព្រមឡើងជិះម៉ូតូទៅជាមួយ និងបានសុំច្បាប់ថៅកែថា ទៅផ្ទះតែរយៈពេលមួយថ្ងៃទេ ។ លុះបាត់រយៈពេល៣ថ្ងៃ ទើបថៅកែទូរស័ព្ទសួរគាត់ជាម្ដាយ តែគាត់ពុំបានឃើញកូនគាត់ទៅផ្ទះទេក៏ស៊ើបសួរ អ្នកនេះអ្នកនោះទើបដឹងថា នាងបានជិះម៉ូតូ មកជាមួយប្ដី ។ នៅពេលកូនស្រីគាត់បាត់ខ្លួនគាត់ក៏បានមកសួរនាំកូនប្រសាប្រុសនោះ តែត្រូវបានគេឆ្លើយថា បើចង់រកវា(កូនស្រី) ទៅមើលខ្មោចវានៅមុខរោងចក្រយ៉ុងវ៉ា ក្រុងតាខ្មៅទៅឃើញហើយ ។
ស្ដ្រីជាម្ដាយនាងរងគ្រោះបញ្ជាក់ថា គ្រាន់តែឮដូច្នោះគាត់ប្រញាប់ទៅមើលនៅមុខរោងចក្រយ៉ុងវ៉ាភ្លាម ហើយបានសួរនាំអ្នកនៅជិតនោះ ទើបគេប្រាប់ថា កាលពីយប់ថ្ងៃទី៣១ មករា គេបានឃើញរថយន្ដពេទ្យមកដឹកស្ដ្រីម្នាក់ដេកសន្លប់នៅទីនេះ ។ គាត់ក៏ទៅកាន់មន្ទីរពេទ្យជ័យជំនះសួរគេជាបន្ដទៀត ក៏ដឹងនិងឃើញកូនស្រីរបស់គាត់កំពុងដេកសន្លប់ព្យួរសេរ៉ូម ដោយមានស្នាមរបួសពេញមុខនិងខ្លួន ។ គ្រូពេទ្យប្រាប់ថា នាងសន្លប់ច្រើនថ្ងៃមកហើយ ។ ក្រុមគ្រួសារស្ដ្រីរងគ្រោះបានចោទប្រកាន់ឈ្មោះនី ម៉ាក់ ជាអតីតប្ដីស្ដ្រីរងគ្រោះថាជាអ្នកប្រព្រឹត្ដអំពើនេះ ហើយក៏បានដាក់ពាក្យបណ្ដឹងទើបឈានដល់ការចាប់ខ្លួន ៕
សេន រ៉ា ដកស្រង់ចេញពី កោះសន្តិភាព។
No comments:
Post a Comment