ខេត្ដកំពង់ចាម ៖ ស្បែកជើង១គូតំលៃ ៣.០០០រៀល បានបង្កឱ្យមានការឈ្លោះ ប្រកែកគ្នា ហើយបុរសអ្នកលក់បានវាយស្ដ្រី ជាអ្នកទិញឈ្មោះសុខ ស្រីល័ក្ខ អាយុ៣៧ឆ្នាំ រស់នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ១ដៃត្រង់ចិញ្ចើមឆ្វេងបណ្ដាលឱ្យបែកហូរឈាម។ បុរសជាអ្នកលក់នោះត្រូវប៉ូលិស ក្រុងសួងឃាត់ខ្លួនភ្លាមៗ ។លោកវរសេនីយ៍ត្រី លាង អេង អធិការ ប៉ូលិសក្រុងសួងប្រាប់ថាហេតុការណ៍កំរជួបនេះកើតឡើងកាលពីវេលាម៉ោង៨ ព្រឹក ថ្ងៃទី ១០ កុម្ភៈ ២០១០ នៅក្នុងបរិវេណផ្សារ សួង។អាជីវករម្នាក់នោះឈ្មោះតាន់ គីម ឡែន អាយុ៣០ឆ្នាំ រស់នៅភូមិសួងកើត សង្កាត់សួង ក្រុងសួង ។ចំណែកស្ដ្រីរងគ្រោះ ដែលមានមុខរបរជាជាងអ៊ុតសក់បានទៅ ផ្សារសួង ដើម្បីទិញម្ហូបហើយស្របពេល នោះបានតថ្លៃទិញស្បែកជើង១គូដែលគេលក់ក្នុងតំលៃ៣.០០០រៀល មកត្រឹម២.០០០ រៀល។ការតថ្លៃនោះដោយអ្នកលក់មិន ព្រមនាងក៏ដើរចេញ លុះបានចំងាយជាង១០ ម៉ែត្រ ស្រាប់តែអ្នកលក់ដែលខឹងបានតាមទៅវាយបណ្ដាលឱ្យបែកចិញ្ចើមឆ្វេង ។
ប្រភពដដែលបន្ដថាស្ដ្រីរងគ្រោះបានទៅ ប្ដឹងប៉ូលិសក្រុងសួង ហើយរូបលោកបាន បញ្ជាឱ្យសមត្ថកិច្ចព្រហ្មទណ្ឌស្រុកសហការជាមួយប៉ូលិសប៉ុស្ដិ៍ រដ្ឋបាលសួងទៅនាំខ្លួនបុរស ជាប់ចោទទៅអធិការដ្ឋានក្រុងដើម្បីសាកសួរ ។ បុរសនោះប្រាប់ប៉ូលិសថា រូបគេលក់ ស្បែកជើងឡាយឡុង១គូតំលៃ៣.០០០ រៀល តែស្ដ្រីអ្នកទិញដែលមានពកូននៅដៃ ផងនោះនិយាយថា កន្លែងផ្សេងលក់១គូតែ ២.០០០រៀលប៉ុណ្ណោះ ។ រូបគេបានបញ្ជាក់ ថា ស្បែកជើងទិញមក១គូថ្លៃ២.៥០០រៀល ទៅហើយតែស្ដ្រីនោះនៅតែមិនទិញហើយបានដើរចេញទៅ។ ឃើញដូច្នេះរូបគេដើរ តាមពីក្រោយហើយ និយាយទៅកាន់នាងថា “បើសិនជាមិនទិញ បានក្នុងតំលៃ២.០០ រៀលទេ សុំឱ្យនាងរលាយ” ។ ភ្លាមនោះស្ដ្រី អ្នកទិញវាយរូបគេ១ដៃចំមុខ ទើបរូបគេវាយ តប១ដៃវិញ ចំមុខដែរ ។លោករី ប៉ូមន្ដ្រីប៉ូលិសព្រហ្មទណ្ឌកំរិត ស្រាលខេត្ដបញ្ជាក់ថា បុរសជាប់ចោទត្រូវ សាលាដំបូងខេត្ដចេញដីកាឃុំខ្លួនពីបទបង្ក របួសស្នាមនាព្រឹកថ្ងៃទី១២ កុម្ភៈ ២០១០ ។
No comments:
Post a Comment